សហរដ្ឋអាមេរិកជាអ្នកពូកែប្រើឧបាយកលបំផុសសង្គ្រាមត្រជាក់ប្រចាំសតវត្សរ៍ទី ២១ !
វិបតិ្តអ៊ុយក្រែនគឺជាអន្ទាក់ថ្មីមួយដែលបានបង្កើតឡើងក្នុងសតវត្សទី ២១ ដោយសហរដ្ឋអាមេរិកដែលជាអ្នកពូកែប្រើឧបាយកលបំផុសសង្គ្រាមត្រជាក់ គឺក្នុងគោលបំណងប៉ុនប៉ងទប់ស្កាត់ការអភិវឌ្ឍរបស់រុស្ស៊ីថែមមួយកម្រិតទៀតនិងគាបសង្កត់អឺរ៉ុបយ៉ាងខ្លាំងដើម្បីទទួលបានទុននយោបាយកាន់តែច្រើនឡើងៗក្នុងការគាំពារអនុត្តរភាពរបស់ខ្លួន ។
បន្ទាប់ពីសហភាពសូវៀតត្រូវរំលាយ អង្គការណាតូដែលដឹកនាំដោយអាមេរិកបានបង្រួញចន្លោះសន្តិសុខរបស់រុស្ស៊ីតាមរយៈការវាតទីទៅខាងកើតចំនួន ៥ លើក ហើយបានអនុវត្តការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីជាញឹកញាប់ ។ ក្នុងពេលជាមួយគ្នានេះ អាមេរិកបាននិងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីរំលាយមូលដ្ឋានគ្រឹះនៃការកាន់អំណាចរបស់លោក Vladimir Vladimirovich Putin ប្រធានាធិបតីរុស្ស៊ីពីផ្ទៃក្នុងនិងបង្កើតលក្ខខណ្ឌសង្គមសម្រាប់ការធ្វើ"បដិវត្តន៍ពណ៌"នៅប្រទេសរុស្ស៊ី ។
សូមបញ្ជាក់ថា ស្ថានការណ៍អ៊ុយក្រែនបានវិវឌ្ឍន៍រហូតដល់ក្លាយជាសភាពការណ៍ដូចបច្ចុប្បន្ន គឺមានដំណើរដើមទងប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ ។ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១ មក ទីក្រុងវ៉ាស៊ីនតោនបានឃោសនាបំប៉ោងជាបន្តបន្ទាប់នូវអ្វីដែលហៅថា រុស្ស៊ីនឹង"ឈ្លានពាន"អ៊ុយក្រែន គឺ ប៉ុនប៉ងបង្វែរទំនាស់ក្នុងស្រុកដើម្បីស្រោចស្រង់ឡើងវិញនូវអត្រាគាំទ្ររដ្ឋាភិបាលអាមេរិកដែលកំពុងធ្លាក់ចុះជាបន្តបន្ទាប់ព្រមទាំងគិតចង់ទប់ស្កាត់ការអភិវឌ្ឍរបស់អឺរ៉ុបក្រោមលេស “ភូមិសាស្ត្រនយោបាយមានភាពតានតឹង” ស្របពេលជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនក៏អាចបិទបាំងនូវចេតនារបស់ខ្លួនក្នុងការមិនចង់ឆ្លើយតបចំពោះតម្រូវការនិងសំណូមពររបស់រុស្ស៊ីស្តីពីការធានាសន្តិសុខផងដែរ ។ ទង្វើរបស់អាមេរិកបែបនេះវាមិនខុសអ្វីពីការយកសាំងមកចាក់លើភ្លើងដល់ស្ថានការណ៍អ៊ុយក្រែនទាំងមូលនោះទេ ។