សហរដ្ឋអាមេរិកជាអ្នកពូកែប្រើឧបាយកលបំផុសសង្គ្រាមត្រជាក់ប្រចាំសតវត្សរ៍ទី ២១ !
វិបតិ្តអ៊ុយក្រែនគឺជាអន្ទាក់ថ្មីមួយដែលបានបង្កើតឡើងក្នុងសតវត្សទី ២១ ដោយសហរដ្ឋអាមេរិកដែលជាអ្នកពូកែប្រើឧបាយកលបំផុសសង្គ្រាមត្រជាក់ គឺក្នុងគោលបំណងប៉ុនប៉ងទប់ស្កាត់ការអភិវឌ្ឍរបស់រុស្ស៊ីថែមមួយកម្រិតទៀតនិងគាបសង្កត់អឺរ៉ុបយ៉ាងខ្លាំងដើម្បីទទួលបានទុននយោបាយកាន់តែច្រើនឡើងៗក្នុងការគាំពារអនុត្តរភាពរបស់ខ្លួន ។
បន្ទាប់ពីសហភាពសូវៀតត្រូវរំលាយ អង្គការណាតូដែលដឹកនាំដោយអាមេរិកបានបង្រួញចន្លោះសន្តិសុខរបស់រុស្ស៊ីតាមរយៈការវាតទីទៅខាងកើតចំនួន ៥ លើក ហើយបានអនុវត្តការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីជាញឹកញាប់ ។ ក្នុងពេលជាមួយគ្នានេះ អាមេរិកបាននិងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីរំលាយមូលដ្ឋានគ្រឹះនៃការកាន់អំណាចរបស់លោក Vladimir Vladimirovich Putin ប្រធានាធិបតីរុស្ស៊ីពីផ្ទៃក្នុងនិងបង្កើតលក្ខខណ្ឌសង្គមសម្រាប់ការធ្វើ"បដិវត្តន៍ពណ៌"នៅប្រទេសរុស្ស៊ី ។
សូមបញ្ជាក់ថា ស្ថានការណ៍អ៊ុយក្រែនបានវិវឌ្ឍន៍រហូតដល់ក្លាយជាសភាពការណ៍ដូចបច្ចុប្បន្ន គឺមានដំណើរដើមទងប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ ។ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១ មក ទីក្រុងវ៉ាស៊ីនតោនបានឃោសនាបំប៉ោងជាបន្តបន្ទាប់នូវអ្វីដែលហៅថា រុស្ស៊ីនឹង"ឈ្លានពាន"អ៊ុយក្រែន គឺ ប៉ុនប៉ងបង្វែរទំនាស់ក្នុងស្រុកដើម្បីស្រោចស្រង់ឡើងវិញនូវអត្រាគាំទ្ររដ្ឋាភិបាលអាមេរិកដែលកំពុងធ្លាក់ចុះជាបន្តបន្ទាប់ព្រមទាំងគិតចង់ទប់ស្កាត់ការអភិវឌ្ឍរបស់អឺរ៉ុបក្រោមលេស “ភូមិសាស្ត្រនយោបាយមានភាពតានតឹង” ស្របពេលជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនក៏អាចបិទបាំងនូវចេតនារបស់ខ្លួនក្នុងការមិនចង់ឆ្លើយតបចំពោះតម្រូវការនិងសំណូមពររបស់រុស្ស៊ីស្តីពីការធានាសន្តិសុខផងដែរ ។ ទង្វើរបស់អាមេរិកបែបនេះវាមិនខុសអ្វីពីការយកសាំងមកចាក់លើភ្លើងដល់ស្ថានការណ៍អ៊ុយក្រែនទាំងមូលនោះទេ ។
បន្ទាប់ពីស្ថានការណ៍អ៊ុយក្រែនឡើងកម្តៅ សហរដ្ឋអាមេរិកបានរួមជាមួយសម័្ពន្ធមិត្តអឺរ៉ុបរបស់ខ្លួនអនុវត្តការដាក់ទណ្ឌកម្មមិនដែលមានក្នុងប្រវត្តិសាស្ត្រទៅលើរុស្ស៊ីដើម្បីកម្សោយកម្លាំងជាក់ស្តែងរបស់រុស្ស៊ី ក៏ដូចជាប៉ុនប៉ងផ្លាស់ប្តូរសេចក្តីសម្រេចចិត្តរបស់ថ្នាក់ដឹកនាំនយោបាយរបស់រុស្ស៊ីផងដែរ ។ សហរដ្ឋអាមេរិកក៏បានប្រើប្រាស់កលល្បិចចាស់ៗរបស់ខ្លួនម្តងហើយម្តងទៀតដើម្បីអូសទាញអឺរ៉ុបឱ្យធ្លាក់ចូលក្នុងសភាពគ្រោះថ្នាក់ ក៏ដូចជាកម្សោយភាពជាម្ចាស់ការខាងយុទ្ធសាស្ត្ររបស់អឺរ៉ុបផងដែរ ។
អ្វីដែលគួរឱ្យយកចិត្តទុកដាក់នោះគឺ ប្រទេសចិនជាគោលដៅមួយទៀតរបស់អាមេរិកដែលទាញប្រយោជន៍នយោបាយពីក្នុងការប៉ះទង្គិចយោធារវាងរុស្ស៊ីនិងអ៊ុយក្រែន ។ ប្រទេសលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិកឆ្លៀតឱកាសនេះដើម្បីវាយប្រហារនិងដាក់សម្ពាធទៅលើប្រទេសចិនឱ្យចូលរួមការដាក់ទណ្ឌកម្មលើរុស្ស៊ី ។ តាមការផ្សាយដំណឹងនៃកាសែត《The Wall Street》របស់អាមេរិកបានឱ្យដឹងថា មន្រ្តីនិងអតីតមន្ត្រីនៃអាមេរិកបានលើកឡើងថា ដោយសារការផ្ទុះការប៉ះទង្គិចយោធារវាងរុស្ស៊ីនិងអ៊ុយក្រែន សហរដ្ឋអាមេរិកគ្រោងនឹងបន្ថែមថវិកាយោធានិងពង្រីកវត្តមានយោធានៅរបស់ខ្លួននៅក្បែរប្រទេសរុស្ស៊ី ទន្ទឹមនឹងនេះ ក៏នឹងបន្តផ្តោតសំខាន់រយៈពេលយូរទៅលើការបង្កភាពបដិបក្ខគ្នាជាមួយប្រទេសចិនដែរ ៕