#CCFR Comment#បទវិភាគ៖ការអភិវឌ្ឍវិស័យអវកាសរបស់ចិនបានឡើងដល់កម្រិតថ្មីថែមទៀត
វេលាម៉ោង១០នៅព្រឹកថ្ងៃទី១៦ខែមេសា បន្ទប់វិលត្រឡប់មកវិញនៃយានអវកាសផ្ទុកមនុស្ស Shenzhou-13 របស់ចិនបានចុះចតដោយជោគជ័យ ។ អវកាសយានិកបីនាក់បានវិលត្រឡប់មកដល់ផែនដីវិញបន្ទាប់ពីបញ្ចប់ដំណើរក្នុងអវកាសអស់រយៈពេល៦ខែ ។ និយាយចំពោះប្រទេសចិន ខណៈពេលដែលយានអវកាសផ្ទុកមនុស្ស Shenzhou-13 វិលត្រឡប់មកដល់ផែនដីវិញនេះ គឺមានន័យថា ដំណាក់កាលពិនិត្យបញ្ជាក់ពីបច្ចេកទេសគន្លឹះនៃស្ថានីយអវកាសរបស់ចិនទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ ពោលគឺជំរុញឱ្យគំនិតផ្តួចផ្តើមស្តីពី“ការចែករំលែកអវកាសជាសកល”នៃអង្គការសហប្រជាជាតិបោះជំហានទៅមុខ ។
អ្វីដែលគួរឱ្យយកចិត្តទុកដាក់នោះគឺ បើប្រៀបធៀបនឹងយានអវកាស Shenzhou-12 ដែលបានហោះហើរជុំវិញផែនដី១១ជុំអស់រយៈពេលជាងមួយថ្ងៃទើបវិលត្រឡប់មកវិញ យានអវកាស Shenzhou-13 ត្រឹមតែហោះហើរជុំវិញផែនដី៥ជុំអស់រយៈពេលតែប៉ុន្មានម៉ោងក៏បានវិលត្រឡប់មកវិញហើយ ។ ពេលវេលានេះរហូតដល់កាន់តែខ្លីជាងការបំពេញបេសកកម្មឆ្លងទីក្រុងលើផែនដី ដែលមានការប្រឌិតថ្មីនិងសមិទ្ធិផលខាងបច្ចេកទេសគួរឱ្យភ្ញាក់ផ្អើល ។
ក្នុងរយៈពេលកន្លះឆ្នាំកន្លងទៅ យានអវកាសផ្ទុកមនុស្ស Shenzhou-13 បានសម្រេចបាននូវភារកិច្ចកំណត់ជាស្រេចទាំងអស់ដោយគាប់ប្រសើរ ពោលគឺ អវកាសយានិកបីនាក់ដើរចេញពីកាប៊ីនពីរលើក ធ្វើការពិសោធន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាច្រើន រៀនសូត្រនិងធ្វើអន្តរកម្មជាមួយទាំងក្នុងនិងក្រៅប្រទេសចិនតាមរយៈការបង្រៀនក្នុងអវកាសជាដើម ដែលបានបង្កើត “លើកដំបូង”ជាច្រើន ក៏ដូចជានាំមកនូវការដកបទពិសោធន៍ថ្មីក្នុងអវកាសដ៏ពិសេសជាច្រើនដល់ទូទាំងពិភពលោកផងដែរ ។
ក្នុងសម្រែកសាទរយ៉ាងរំភើបរីករាយរបស់មនុស្សចំពោះយានអវកាសផ្ទុកមនុស្ស Shenzhou-13 ដែលបានវិលត្រឡប់មកវិញដោយជោគជ័យ អ្វីដែលកាន់តែត្រូវចងចាំគឺសមិទ្ធិផលខាងវិស័យអវកាសផ្ទុកមនុស្សរបស់ចិនបានមកដោយមិនងាយទេ ។ ទន្ទឹមនឹងភារកិច្ចហោះហើរនៃយានអវកាសផ្ទុកមនុស្ស Shenzhou-13 ទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ ស្ថានីយអវកាសរបស់ចិននឹងឈានចូលដំណាក់កាលស្ថាបនា ដែលមានគោលដៅកសាងស្ថានីយអវកាសខ្នាតធំជាអចិន្ត្រៃយ៍ដែលមានចំណុះពី៦០ដល់១៨០តោនដោយម្ចាស់ការ ហើយនៅប៉ុន្មានឆ្នាំខាងមុខ វាប្រហែលនឹងក្លាយជាស្ថានីយអវកាសតែមួយគត់ដែលដំណើរការតាមគន្លង ។ នេះមិនត្រឹមតែជាសមិទ្ធផលខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដ៏សំខាន់ដែលជនជាតិចិនទទួលបានប៉ុណ្ណោះទេ ថែមទាំងក៏ជាការចាប់ផ្តើមនៃដំណាក់កាលថ្មីដែលមនុស្សជាតិទាំងមូលធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីស្វែងរកអវកាសផងដែរ ។
ស្ថានីយអវកាសចិនជាគម្រោងស្រដៀងគ្នាដែលបានបើកទ្វារជាសាធារណៈចំពោះរដ្ឋសមាជិកនៃអង្គការសហប្រជាជាតិទាំងអស់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ។ បច្ចុប្បន្ននេះ គម្រោងចំនួន៩នៃប្រទេសចំនួន១៧និងអង្គភាពជាក់ស្តែងចំនួន២៣ក្លាយជាគម្រោងជំហានដំបូងក្នុងការពិសោធន៍វិទ្យាសាស្ត្រនៃស្ថានីយអវកាសរបស់ចិន ។ លោក Simonetta Di Pippo ប្រធានការិយាល័យកិច្ចការអវកាសនៃអង្គការសហប្រជាជាតិបានវាយតម្លៃថា ចិនបើកទូលាយស្ថានីយអវកាសជាចំណែកដ៏សំខាន់នៃគំនិតផ្តួចផ្តើមស្តីពី “ការចែករំលែកអវកាសជាសកល”នៃអង្គការសហប្រជាជាតិ ហើយក៏ជា “គំរូដ៏មហិមា”មួយផងដែរ ។
លំហអវកាសជារបស់មនុស្សជាតិទាំងមូល ។ ស្ថានីយអវកាសរបស់ចិនដែលបើកទ្វារចំពោះទូទាំងពិភពលោកនឹងក្លាយជា “ផ្ទះរួមរបស់មនុស្សជាតិទាំងមូល” ដែលជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ចិនក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិក្នុងលំហអវកាស ។