ភាសាខ្មែរ

ការអភិវឌ្ឍកិច្ចការអវកាសរបស់ចិនបានឡើងដល់កម្រិតថ្មីថែមទៀត

criPublished: 2022-04-17 11:38:27
Share
Share this with Close
Messenger Pinterest LinkedIn

កាលពីថ្ងៃទី១៦ខែមេសា បន្ទប់វិលត្រឡប់មកវិញនៃយានអវកាសផ្ទុកមនុស្ស Shenzhou-13 របស់ចិនបានចុះចតដោយជោគជ័យ ។ អវកាសយានិកបីនាក់របស់ចិនដែលបំពេញការងារក្នុងអវកាសអស់រយៈពេលកន្លះឆ្នាំបានវិលត្រឡប់មកដល់ផែនដីវិញយ៉ាងរលូន ដែលជាសញ្ញាកត់សម្គាល់ថា ភារកិច្ចហោះហើរលើកទី៦ហើយក៏ជាលើកចុងក្រោយបង្អស់ក្នុងដំណាក់កាលពិនិត្យបញ្ជាក់ពីបច្ចេកទេសគន្លឹះនៃស្ថានីយអវកាសរបស់ចិនទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ ហើយក៏ទទួលបានការយកចិត្តទុកដាក់ដ៏ទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិផងដែរ ។

វេបសាយកាសែត 《Lianhezaobao》 របស់សិង្ហបុរីបានផ្សាយដំណឹងឱ្យដឹងថា យានអវកាសផ្ទុកមនុស្ស Shenzhou-13 ជាយានអវកាសដែលដំណើរការតាមគន្លងរយៈពេលយូរបំផុតរបស់ចិននាពេលបច្ចុប្បន្ន ហើយក៏ជាយានអវកាសដែលប្រើប្រាស់រូបមន្តរហ័សវិលត្រឡប់មកវិញជាលើកដំបូងដែរ ។ អវកាសយានិកបីនាក់វិលត្រឡប់មកវិញប្រកបដោយសុវត្ថិភាព នេះមិនត្រឹមតែមានន័យថា ភារកិច្ចលើកនេះបានបញ្ចប់ដោយគាប់ប្រសើរប៉ុណ្ណោះទេ ថែមទាំងក៏ជាការបញ្ចប់ដ៏គាប់ប្រសើរនៃដំណាក់កាលពិនិត្យបញ្ជាក់ពីបច្ចេកទេសគន្លឹះនៃស្ថានីយអវកាសរបស់ចិនផងដែរ ។

លោក Stephen Ndegwa អ្នកទទួលខុសត្រូវនៃធនាគារគំនិតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍របស់កេនយ៉ាបានយល់ឃើញថា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផ្នែកអវកាសមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសអភិវឌ្ឍន៍នោះទេ ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំ ប្រទេសចិនបានតាំងគំរូឱ្យប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ព្រមទាំងបំពេញបន្ថែមជំនឿចិត្តផងដែរ ។ លោក Stephen Ndegwa បានគូសបញ្ជាក់ថា លោកស្រី Wang Yaping អវកាសយានិករបស់ចិនបានបោះជំហានទីមួយនៃការដើរក្នុងអវកាសនៅខាងក្រៅបន្ទប់យានអវកាសរបស់នារីរបស់ចិន ហើយក៏នឹងលើកទឹកចិត្តឱ្យស្ត្រីដែលខិតខំប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនៅទូទាំងពិភពលោកបន្តព្យាយាមឈានទៅមុខផងដែរ ។ លោករំពឹងទុកថា ប្រទេសចិននឹងទទួលបានស្នាដៃកាន់តែច្រើនឡើងៗក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផ្នែកអវកាស ដើម្បីរួមចំណែកកម្លាំងរបស់ចិនកាន់តែច្រើនឡើងៗដល់ពិភពលោក ៕

Share this story on

Messenger Pinterest LinkedIn