ភាសាខ្មែរ

និយតករនុយគ្លេអ៊ែររបស់ជប៉ុន"ឯកភាពជាទូទៅ"ចំពោះផែនការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងសមុទ្រ

criPublished: 2022-04-16 14:50:13
Share
Share this with Close
Messenger Pinterest LinkedIn

នៅថៃ្ងទី ១៥ ខែមេសា គណៈកម្មាធិការបទប្បញ្ញត្តិនុយគ្លេអ៊ែររបស់ជប៉ុនបានបញ្ចប់ជាមូលដ្ឋាននូវការងារត្រួតពិនិត្យអំពីសុវត្ថិភាពនៃផែនការអនុវត្តការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរទីមួយនៃខេត្តហ៊្វូគូស៊ីម៉ា ។ គណៈកម្មាធិការនេះបាន"ឯកភាពជាទូទៅ"ចំពោះផែនការបង្ហូរទឹកសំណល់នុយគ្លេអ៊ែររបស់ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូនៃប្រទេសជប៉ុន ហើយនឹងប្រកាសពីលទ្ធផលត្រួតពិនិត្យដែលមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ដោយសំអាងតាមការពិតជាក់ស្តែងនៅខែឧសភាខាងមុខនេះ ។

យោងតាមការផ្សាយដំណឹងរបស់ស្ថានីយទូរទស្សន៍ NHK ប្រទេសជប៉ុននាថៃ្ងដដែលនោះបានឲ្យដឹងថា បន្ទាប់ពីទទួលបានការអនុញ្ញាតពីគណៈកម្មាធិការនេះនិងរដ្ឋបាលតំបន់ ដូចជា ខេត្តហ៊្វូគូស៊ីម៉ាជាដើម ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូទើបអាចចាប់ដំណើរការផែនការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងសមុទ្រ ។ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូគ្រោងនឹងសម្រេចការងារពាក់ព័ន្ធ ដូចជា ការសាងសង់ឧបករណ៍ជាដើមនៅពេលមុននិងក្រោយពាក់កណ្តាលខែមេសា ឆ្នាំ ២០២៣ ។

នាពេលថ្មីៗកន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុនបានផ្សាយដំណឹងថា បន្ទាប់ពីទទួលបានការទទួលស្គាល់ពីគណៈកម្មាធិការបទប្បញ្ញត្តិនុយគ្លេអ៊ែររបស់ជប៉ុន តើផែនការអនុវត្តការបង្ហូរទឹកសំណល់នុយគ្លេអ៊ែររបស់ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូអាចទទួលបានការអនុញ្ញាតពីរដ្ឋបាលតំបន់ឬអត់នឹងក្លាយជាចំណុចក្តៅដែលភាគីនានាយកចិត្តទុកដាក់ ៕

Share this story on

Messenger Pinterest LinkedIn