អាស៊ានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ប្រទេសចិនម្តងទៀត
តាមទិន្នន័យដែលអគ្គនាយកដ្ឋានគយចិនបានប្រកាសកាលពីថ្ងៃទី១៣ខែមេសាឱ្យដឹងថា នៅត្រីមាសទីមួយឆ្នាំនេះ ចិននិងអាស៊ានសម្រេចបានការនាំចេញនាំចូល១.៣៥ទ្រីលានយាន់ប្រាក់ចិន ឯចិននិងអឺរ៉ុបសម្រេចបាន១.៣១ទ្រីលានយាន់ប្រាក់ចិន ។ អាស៊ានវ៉ាហួសសហភាពអឺរ៉ុប បានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ចិនម្តងទៀត ។
លោក Li Kuiwen អ្នកនាំពាក្យនិងជាប្រធានផ្នែកវិភាគស្ថិតិនៃអគ្គនាយកដ្ឋានគយចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មាននៃការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃដដែលថា ទន្ទឹមនឹងការចូលជាធរមានជាផ្លូវការនៃកិច្ចព្រមព្រៀង RCEP ភាគលាភនៃរបបថ្មីកំពុងនាំឱ្យទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាស៊ានមានភាពកាន់តែជិតស្និទ្ធថែមមួយកម្រិតទៀត ។ ទិន្នន័យបានបង្ហាញថា ទំហំនាំចេញនាំចូលរវាងចិននិងអាស៊ាននៅត្រីមាសទីមួយត្រូវជា៤៧.២ភាគរយនៃទំហំពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មនៃកិច្ចព្រមព្រៀង RCEP ។