#CCFR Comment#បទវិភាគ៖សង្គ្រាមត្រជាក់បានបញ្ចប់យូរហើយ តំបន់អាស៊ីប៉ាស៊ីហ្វិកមិនស្វាគមន៍"ម៉ាស៊ីនបំផុសសង្គ្រាមត្រជាក់"ទេ
នាពេលថ្មីៗកន្លងទៅនេះ អង្គការណាតូបានបើកធ្វើកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៅទីស្នាក់ការទូទៅរបស់អង្គការណាតូនៅទីក្រុងប្រ៊ុចសែលនៃប្រទេសបែលហ្ស៊ិក ហើយបានអញ្ជើញរដ្ឋមន្ត្រីការបរទេសមកពីប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ៤ ក្នុងនោះបូករួមទាំង ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលហ្សេឡង់ ។ ពួកគេបាន"ចំណាយពេលវេលាដ៏ច្រើនសន្ធឹកសន្ធាប់"សម្រាប់និយាយអំពីប្រទេសចិនដោយបានចោទប្រកាន់ដោយគ្មានហេតុផលចំពោះគោលជំហររបស់ចិនក្នុងបញ្ហាអ៊ុយក្រែន ។ លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូបានអះអាងថា នៅពេលតាក់តែង"ទស្សនទានយុទ្ធសាស្ត្រថ្មី"របស់អង្គការនេះ គួរតែគិតពិចារណាជាលើកដំបូងពីការសំដៅចំពោះប្រទេសចិន ។
ភ្លើងសង្គ្រាមដែលបណ្តាលមកពីការវាតទីទៅខាងកើតរបស់អង្គការណាតូដំណើរការនៅអ៊ុយក្រែន ហេតុនេះហើយ "ម៉ាស៊ីនបំផុសសង្គ្រាមត្រជាក់"នេះក៏បានប្រញាប់ប្រញាល់លូតបាតដៃខ្មៅទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកទៀត ។ ប្រការនេះបានលាតត្រដាងយ៉ាងច្បាស់នូវធាតុពិតរបស់អង្គការណាតូដែលសុខចិត្តធ្វើជាឧបករណ៍អនុត្តរភាពរបស់អាមេរិកនិងចំណង់នៃការប្រព្រឹតិ្តទង្វើអាក្រក់តទៅទៀត ។ យ៉ាងណាមិញ មិនថា ការខ្វែងគំនិតនៅផ្ទៃក្នុងដ៏ធ្ងន់ធ្ងររបស់ពួកគេឬក៏ទង្វើដែលផ្ទុយនឹងនិន្នាការយុគសម័យក៏ដោយ ក៏សុទ្ធតែបានចារទុកថា អង្គការយោធាដែលត្រូវប្រវត្តិសាស្ត្រលះបង់ចោលនេះមុខជានឹងត្រូវបរាជ័យជាក់ជាមិនខាន ។
ដូចការវិភាគជាច្រើនដែលបានលើកឡើងថា ក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូបានពិគ្រោះពិភាក្សាអំពីបញ្ហាអ៊ុយក្រែន ពួកគេបានវាយប្រហារប្រទេសចិនដោយគ្មានហេតុផល គឺ ក្នុងគោលបំណងបង្វែរទំនាស់ទៅខាងក្រៅ បង្កភាពបដិបក្ខគ្នានិងឆក់យកផលប្រយោជន៍ ។ ក្នុងនាមជាអ្នកបង្កនិងជាអ្នកញាក់ខ្សែពីក្រោយដ៏ធំបំផុតនៃវិបត្តិអ៊ុយក្រែន អង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកបានធ្វើការវាតទីទៅខាងកើតចំនួន ៥ លើក ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកដោយបានដាក់សម្ពាខាងសន្តិសុខយ៉ាងខ្លាំងដល់រុស្ស៊ី ហើយនៅទីបំផុតបានបណ្តាលឱ្យផ្ទុះការប៉ះទង្គិចយោធារវាងរុស្ស៊ីនិងអ៊ុយក្រែន ។ បន្ទាប់មក អង្គការណាតូនៅតែបន្តញុះញង់ពីក្រោយទៀត ហើយបានផ្តល់ជំនួយយោធាចំពោះអ៊ុយក្រែនជាញឹកញាប់ ។
សូមបញ្ជាក់ថា សង្គ្រាមត្រជាក់បានបញ្ចប់យូរហើយ តំបន់អាស៊ីប៉ាស៊ីហ្វិកមិនស្វាគមន៍"ម៉ាស៊ីនបំផុសសង្គ្រាមត្រជាក់"ទាល់តែសោះ ។ ចាប់ពីអាស៊ានបដិសេធមិនចង់ឈរនៅម្ខាងជាមួយអាមេរិកដែលបណ្តាលឱ្យកិច្ចប្រជុំកំពូលរវាងអាមេរិកនិងអាស៊ានដែលកំណត់នៅចុងខែមីនា ឆ្នាំនេះត្រូវបាន"ពន្យារពេលដោយគ្មានកាលកំណត់"រហូតដល់ប្រទេសអាស៊ីប៉ាស៊ីហ្វិកភាគច្រើនដែលមានឥណ្ឌានិងអាស៊ានជាតំណាងរក្សាសុជីវធម៌និងឯករាជ្យភាពក្នុងវិបត្តិអ៊ុយក្រែន ប្រការទាំងនេះបានបង្ហាញយ៉ាងពេញលេញថា ប្រទេសអាស៊ីប៉ាស៊ីហ្វិកយល់ឃើញថា សន្តិភាពក្នុងតំបន់គឺ បានមកដោយមិនងាយទេ ហើយចាំបាច់ត្រូវថែរក្សានិងឱ្យតម្លៃទ្វេដង ។
គួរបញ្ជាក់ដែរថា ក្នុងនាមជាបច្ច័យនៃសង្រ្គាមត្រជាក់ អង្គការណាតូគួរតែរំសាយ ហើយវាក៏គ្មានលក្ខណសម្បត្តិអីមកឆ្ការដៃឆ្ការជើងចំពោះប្រទេសដទៃ រហូតដល់គំរាមកំហែងដល់ប្រទេសដទៃឱ្យឈរនៅម្ខាងជាមួយអាមេរិក ។ ក្នុងនាមជាតំបន់មួយដែលមានកម្លាំងរស់រវើកនិងសក្តានុពលអភិវឌ្ឍន៍ខ្លាំងបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ តំបន់អាស៊ីប៉ាស៊ីហ្វិកមិនមែនជាកូនអុកសម្រាប់ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយនោះទេ ហើយមិនអនុញ្ញាតឱ្យប្រទេសធំនៅក្រៅតំបន់បង្កការបដិបក្ខគ្នាជាក្រុមនៅក្នុងតំបន់ខ្លួនជាដាច់ខាត ។ ការដែលអង្គការណាតូអូសទាញប្រទេសអាស៊ីប៉ាស៊ីហ្វិកមួយចំនួនមកបង្ករឿងហេតុនិងមួលបង្កាច់ គ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ ។ ពិភពលោកមិនត្រូវការសង្គ្រាមត្រជាក់ថ្មីទេ ហើយអង្គការណាតូដែលចង់ស្វែងរកសត្រូវស្រមើស្រមៃច្រើនយ៉ាងណាកពិបាកនឹងត្រឡប់មកវិញដែរ !