ភាសាខ្មែរ

#CCFR Comment#បទវិភាគ៖ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្នគឺត្រូវបញ្ឈប់ការប្រយុទ្ធក្នុងពេលឆាប់ៗ

criPublished: 2022-04-07 15:19:03
Share
Share this with Close
Messenger Pinterest LinkedIn

កាលពីថ្ងៃទី៥ខែមេសាតាមម៉ោងក្នុងតំបន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំធ្វើកិច្ចប្រជុំជាសាធារណៈអំពីស្ថានការណ៍អ៊ុយក្រែន “ការសម្លាប់រង្គាលនៅទីក្រុង Bucha ”បានក្លាយជាចំណុចក្តៅនៃកិច្ចប្រជុំលើកនេះ ។ តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានគូសបញ្ជាក់ថា ការជំរុញឱ្យស្ថានការណ៍អ៊ុយក្រែនបញ្ចុះកម្តៅនិងបញ្ឈប់ការប្រយុទ្ធក្នុងពេលឆាប់ជាការរំពឹងទុកជាបន្ទាន់របស់សហគមន៍អន្តរជាតិ ហើយក៏ជាគោលបំណងយ៉ាងខ្លាំងរបស់ភាគីចិនផងដែរ ។ អំពី “ការសម្លាប់រង្គាលនៅទីក្រុង Bucha ”ភាគីចិនបានបង្ហាញថា ការចោទប្រកាន់ណាមួយសុទ្ធតែត្រូវឈរលើការពិតជាក់ស្តែង មុនពេលទទួលបានការសន្និដ្ឋាន ភាគីនានាត្រូវរក្សាការអត់ធ្មត់ ចៀសវាងពីការចោទប្រកាន់ដោយគ្មានហេតុផល ។ ការសម្តែងអាកប្បកិរិយាបែបនេះគឺប្រកបដោយភាពសត្យានុម័តនិងវិចារណញ្ញាណ ដែលបានផ្តល់គំនិតច្បាស់លាស់ដល់សហគមន៍អន្តរជាតិក្នុងការដោះស្រាយ “ករណីសម្លាប់រង្គាលនៅទីក្រុង Bucha ”។

បច្ចុប្បន្ននេះ ភាគីទាំងពីររុស្ស៊ីនិងអ៊ុយក្រែនប្រកាន់យកត្រូវរៀងខ្លួនអំពី“ការសម្លាប់រង្គាលនៅទីក្រុង Bucha”។ ពេលថ្មីៗកន្លងមក ប្រព័ន្ធសារព័ត៌មានអ៊ុយក្រែនបានប្រកាសរូបថតនិងវីដេអូមួយចំនួនស្តីពីអ្វីដែលហៅថា ប្រជាជនស៊ីវិលនៅក្រុង Buchaត្រូវគេសម្លាប់ រដ្ឋាភិបាលអ៊ុយក្រែនបានចោទប្រកាន់ថា ជាទង្វើរបស់កងទ័ពរុស្ស៊ី ។ តែភាគីរុស្ស៊ីបានបដិសេធជាដាច់ខាតចំពោះករណីនេះ ហើយថ្លែងថា អ្វីដែលហៅថា “ភស្តុតាងឧក្រិដ្ឋកម្ម”គឺលេចចេញបន្ទាប់ពីកងទ័ពរុស្ស៊ីដកចេញ ហើយកងទ័ពអ៊ុយក្រែននិងប្រព័ន្ធសារព័ត៌មានអ៊ុយក្រែនទៅដល់កន្លែងនោះ ពោលគឺភាគីអ៊ុយក្រែនដឹកនាំសម្ដែងឱ្យប្រព័ន្ធសារព័ត៌មានលោកខាងលិច ។ ភាគីរុស្ស៊ីបានប្រគល់ភស្តុតាងពាក់ព័ន្ធឱ្យទៅក្រុមប្រឹក្សាសន្តិសុខរួចហើយ ។

ប៉ុន្តែ សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចមួយចំនួនគ្មានចិត្តអំណត់រង់ចាំលទ្ធផលនៃការស៊ើបអង្កេតនោះទេ បែរជាកំណត់ការសន្និដ្ឋានទុកជាមុន ដើម្បីចាប់ផ្តើមធ្វើប្រតិបត្តិការមួយចំនួនដែលសំដៅចំពោះរុស្ស៊ី ។ ចាប់ពីប្រធានាធិបតីអាមេរិកថ្កោលទោសកងទ័ពរុស្ស៊ីដែលបានប្រព្រឹត្តិ “បទឧក្រិដ្ឋសង្គ្រាម”នៅក្រុង Bucha ដល់ភាគីអាមេរិកបន្ថែមការដាក់ទណ្ឌកម្មជុំថ្មីទៅលើរុស្ស៊ី រហូតដល់ប្រទេសអឺរ៉ុបជិត១០បណ្តេញបុគ្គលិកការទូតរុស្ស៊ីដោយទ្រង់ទ្រាយធំ រឿងដែលនៅមិនទាន់ដឹងការពិតនោះ បានក្លាយជាលេសសម្រាប់ឱ្យអ្នកនយោបាយអាមេរិកនិងប្រទេសលោកខាងលិចបន្ថែមការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ។

តាមការពិត បានមានការវិភាគខ្លះបានលើកឡើងថា “ការសម្លាប់រង្គាលនៅទីក្រុង Bucha ”បានកើតឡើងចំពេលការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនទទួលបានការវិវឌ្ឍយ៉ាងសកម្ម ដូច្នេះ មិនច្រានចោលថា នេះជាឧបាយកលរបស់កម្លាំងមួយចំនួនដែលមិនចង់ឃើញការប៉ះទង្គិចបញ្ចប់ ហើយបានបង្កើតឧបសគ្គនិងបន្ថែមកម្លាំងរារាំង ។ បច្ចុប្បន្ននេះ អ្វីដែលសហគមន៍អន្តរជាតិគួរតែធ្វើនោះគឺ មួយផ្នែក ធ្វើការស៊ើបអង្កេតដ៏ឯករាជ្យនិងសត្យានុម័តចំពោះ“ការសម្លាប់រង្គាលនៅទីក្រុង Bucha ” មួយផ្នែកទៀត ត្រូវខិតខំប្រឹងប្រែងជំរុញការចរចាសន្តិភាពនិងបញ្ឈប់ការប្រយុទ្ធ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌ពីឫសគល់ ។

បញ្ហាមនុស្សធម៌មិនត្រូវចាត់ទុកជាកិច្ចការនយោបាយនោះទេ ។ ភាគីចិនយល់ឃើញថា ការវាយប្រហារដែលសំដៅចំពោះជនស៊ីវិលគឺមិនអាចទទួលយកបានទេ ហើយក៏មិនត្រូវកើតឡើងដែរ សភាពការណ៍ពាក់ព័ន្ធនិងមូលហេតុជាក់ស្តែងចាំបាច់ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ។ ប៉ុន្តែមុនពេលប្រកាសលទ្ធផលនៃការស៊ើបអង្កេត ភាគីនានាត្រូវចៀសវាងពីការបង្ករឿងហេតុដោយសារគោលបំណងនយោបាយ នេះគឺជាការគោរពជាមូលដ្ឋានចំពោះជនស៊ីវិលដែលរងគ្រោះស្លាប់បាត់បង់ជីវិត ហើយក៏ជាទង្វើដ៏ត្រឹមត្រូវ ដើម្បីបង្ការកុំឱ្យកើតមានបញ្ហាមនុស្សធម៌កាន់តែច្រើនឡើងៗផងដែរ ។

Share this story on

Messenger Pinterest LinkedIn