ប្រទេសចិនថ្លែងថា៖ សហរដ្ឋអាមេរិកមិនអាចជាករណីលើកលែងក្នុងការហាមឃាត់អាវុធជីវសាស្រ្តនោះទេ
កិច្ចប្រជុំលើកទី២ស្តីពីការងារត្រៀមរៀបចំមហាសន្និបាតពិនិត្យពិភាក្សាលើកទី៩លើ «អនុសញ្ញាស្តីពីការហាមឃាត់អាវុធជីវសាស្ត្រ »បានធ្វើឡើងនៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី៤ ខែមេសា ។ តំណាងចិនបានថ្លែងថា « អនុសញ្ញាស្តីពីការហាមឃាត់អាវុធជីវសាស្ត្រ » គឺជាមូលដ្ឋានគ្រឹះនៃអភិបាលកិច្ចចំពោះសុវត្ថិភាពជីវសាស្ត្រជាសកល ហើយសហរដ្ឋអាមេរិកដែលជាប្រទេសហត្ថលេខីនៃអនុសញ្ញានេះ គួរតែធ្វើជាគំរូ ពោលគឺមិនអាចជាករណីលើកលែងក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនតាមអនុសញ្ញានោះឡើយ ។
ភាគីចិនបានបន្តថា កាលពីពេលថ្មីៗនេះកន្លងមក រុស្ស៊ីបានប្រកាសឯកសារពាក់ព័ន្ធស្តីពីសកម្មភាពយោធាជីវសាស្ត្ររបស់សហរដ្ឋអាមេរិកនៅអ៊ុយក្រែន ដែលបានញ៉ាំងឱ្យសហគមន៍អន្តរជាតិចាប់អារម្មណ៍ជាទូទៅ ដែលបានរំលេចយ៉ាងច្បាស់នូវសារៈសំខាន់ និងភាពបន្ទាន់ក្នុងការធ្វើកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអនុសញ្ញារវាងរដ្ឋហត្ថលេខី ដើម្បីធ្វើការស្រាយបំភ្លឺចំពោះការយកចិត្តទុកដាក់ក្នុងការអនុវត្តអនុសញ្ញា ។