ភាសាខ្មែរ

#CCFR Comment#បទវិភាគ៖កលល្បិចចាស់ៗដែលអ្នកនយោបាយអាមេរិកតែងតែប្រើប្រាស់ចាំបាច់ត្រូវបញ្ចប់ហើយ

criPublished: 2022-04-06 13:40:15
Share
Share this with Close
Messenger Pinterest LinkedIn

នាពេលថ្មីៗកន្លងទៅនេះ អត្ថបទមួយច្បាប់នៃកាសែត《The Times》អង់គ្លេសបានដកស្រង់អ្វីដែលហៅថា "ប្រភពព័ត៌មានស៊ើបការណ៍របស់អាមេរិក"ដោយបានអះអាងថា ប្រទេសចិនបានបំផុស"ការវាយប្រហារពីបណ្តាញអ៊ីនធើណេតទ្រង់ទ្រាយធំ"ទៅលើសំណង់យោធានិងនុយគ្លេអ៊ែររបស់អ៊ុយក្រែននៅមុននឹងប្រតិបតិ្តការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន ។ កាសែតនេះក៏បានអះអាងដែរថា ការចោទប្រកាន់ពាក់ព័ន្ធនេះបានមកពីទីភ្នាក់ងារសន្តិសុខជាតិអ៊ុយក្រែន ។

សូមបញ្ជាក់ថា ពាក្យភូតកុហកនេះបានប្រឌិតឡើងហួសហេតុពេក ! ដូច្នេះ ទីភ្នាក់ងារសន្តិសុខជាតិអ៊ុយក្រែនបានបំភ្លឺនិងបដិសេធពាក្យចចាមអារ៉ាមទាំងនេះភ្លាមៗតាមរយៈបណ្តាញទំនាក់ទំនងសង្គមជាច្រើនដោយបានលើកឡើងថា ទីភ្នាក់ងារខ្លួនមិនបានផ្តល់ព័ត៌មានខាងលើដល់ប្រព័ន្ធសារព័ត៌មានណាមួយទេ ហើយក៏គ្មានទិន្នន័យពាក់ព័ន្ធទេ ក៏ដូចជាមិនបានធ្វើការស៊ើបអង្កេតចំពោះករណីនេះផងដែរ ។ ហេតុនេះហើយ អ្វីដែលហៅថា "ការសន្និដ្ឋាននៃការស៊ើបអង្កេត"របស់កាសែត《The Times》គ្មានទំនាក់ទំនងអ្វីជាមួយនឹងទីភ្នាក់ងារនេះនោះទេ ។ វាមិនខុសអ្វីពីការលាតត្រដាងម្តងហើយម្តងទៀតចំពោះអ្នកនយោបាយអាមេរិកនិងប្រព័ន្ធសារព័ត៌មានលោកខាងលិចដែលបានរួមគ្នាសម្តែងឆាកល្ខោននោះទេ !

តាមពិតទៅ បើនិយាយអំពីការវាយប្រហារពីបណ្តាញអ៊ីនធើណេត សហរដ្ឋអាមេរិកទើបជាបាតដៃខ្មៅពីក្រោយពិតប្រាកដ ចំណែកប្រទេសចិនវិញ ជាអ្នករងគ្រោះសំខាន់មួយនៃការវាយប្រហារពីបណ្តាញអ៊ីនធើណេត ។ នាពេលថ្មីៗកន្លងទៅនេះ មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់តាមបណ្តាញអ៊ីនធើណេតជាតិចិនបានធ្វើតេស្តហើយបានរកឃើញថា ចាប់ពីចុងខែកុម្ភៈ ឆ្នាំនេះមក អង្គការបរទេសបានវាយប្រហារនិងគ្រប់គ្រងកុំព្យូទ័រក្នុងប្រទេសចិនដើម្បីធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធើណេតទៅលើប្រទេសរុស្ស៊ី អ៊ុយក្រែននិងបេឡារុស្ស ។ តាមរយៈការធ្វើវិភាគ អាសយដ្ឋានវាយប្រហារទាំងនេះភាគច្រើនបានមកពីសហរដ្ឋអាមេរិក ។ ក្នុងរយៈពេលមុននេះមិនជាយូរប៉ុន្មាន អតីតមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអាមេរិកធ្លាប់អំពាវនាវជាសាធារណៈឲ្យធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធើណេតទៅលើរុស្ស៊ី ។

គួរបញ្ជាក់ដែរថា ការពិតជាក់ស្តែងជាច្រើនបានបញ្ជាក់ហើយថា ព័ត៌មានពាក់ព័ន្ធស្តីពីប្រទេសចិន"ធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធើណេត"ទៅលើអ៊ុយក្រែន គ្រាន់តែជាមធ្យោបាយថ្មីបំផុតរបស់អាមេរិកនិងលោកខាងលិចសម្រាប់ទម្លាក់កំហុសឱ្យប្រទេសចិនក្រោមលេសវិបតិ្តអ៊ុយក្រែនប៉ុណ្ណោះ ហើយក៏ជាពាក្យចចាមអារ៉ាមដ៏សុទ្ធសាធផងដែរ ។ មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា នៅពេលមុននិងក្រោយនៃការផ្ទុះការប៉ះទង្គិចយោធារវាងរុស្ស៊ីនិងអ៊ុយក្រែន អ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មានមួយចំនួនរបស់សហរដ្ឋអាមេរិកបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធប្រទេសចិនឥតឈប់ឈរ ។ ក្នុងនោះ បូករួមទាំងមួលបង្កាច់ចិនថា ភាគីចិនដឹងជាមុនចំពោះប្រតិបត្តិការយោធារបស់រុស្ស៊ី ហើយបានប្រឌិតពាក្យចចាមអារ៉ាមថា ចិនប្រហែលនឹងផ្តល់ជំនួយផែ្នកយោធានិងសេដ្ឋកិច្ចចំពោះរុស្ស៊ី នេះជាការមួលបង្កាច់របស់សហរដ្ឋអាមេរិកចំពោះប្រទេសចិនសុទ្ធសាធ ឯប្រទេសប៉ែកខាងលិចក៏ធ្វើតាមអាមេរិកដែរ ។ ដូចអ្នកវិភាគមួយចំនួនបានលើកឡើងថា សហរដ្ឋអាមេរិកកំពុងខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីមួលបង្កាច់និងលាបពណ៌ទៅលើចិន គឺក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសចិន អុជអាលបំបែកបំបាក់ទំនាក់ទំនងរវាងចិននិងរុស្ស៊ីព្រមទាំងបង្វែរទំនាស់ទៅខាងក្រៅដើម្បីឆក់យកផលប្រយោជន៍ភូមិសាស្ត្រនយោបាយកាន់តែច្រើនពីភាពចលាចលនៅលើពិភពលោក ។

ទង្វើរបស់អាមេរិកបែបនេះគឺ បំភ្លៃការពិតទាំងស្រុង ដូចចោរស្រែកចាប់ចោរសុទ្ធសាធ ។ ហេតុនេះហើយ កលល្បិចចាស់ៗដែលអ្នកនយោបាយអាមេរិកតែងតែប្រើប្រាស់មិនបាច់យកមកបញ្ចេញនៅមុខពិភពលោកទៀតទេ ! ការធ្វើរឿងល្ងង់កាន់តែច្រើន ការបោកបញ្ឆោតក៏កាន់តែមិនអាចទទួលបានប្រសិទ្ធភាព ។ បើសិនជាពួកគេមិនបញ្ឈប់ការសម្តែងឆាកល្ខោនដ៏អាក្រក់បែបនេះ នោះ កេរ្តិ៍ឈ្មោះរបស់ពួកគេនឹងត្រូវអាប់យសទាំងស្រុង !

Share this story on

Messenger Pinterest LinkedIn