ភាសាខ្មែរ

#CCFRComment#បទវិភាគ៖"ផែនការបោសសម្អាតបណ្តាញអ៊ីនធើណេត"របស់សហរដ្ឋអាមេរិកគឺជាតំណាងនៃ"ការទូតបែបគំរាមកំហែង"សុទ្ធសាធ

criPublished: 2022-01-17 15:32:27
Share
Share this with Close
Messenger Pinterest LinkedIn

នាពេលថ្មីៗកន្លងទៅនេះ លោក Vince Cable អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអង់គ្លេសបានទម្លាយឱ្យដឹងថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលអង់គ្លេសស្តីពីការហាមមិនឱ្យប្រើប្រាស់បរិក្ខារនិងសេវាកម្មប្រព័ន្ធ 5G របស់ក្រុមហ៊ុន Huawei "គឺ គ្មានទំនាក់ទំនងអ្វីជាមួយនឹងសន្តិសុខជាតិនោះទេ" ពីព្រោះថា សហរដ្ឋអាមេរិកមិនដែលលះបង់ចោលការដាក់សម្ពាធទៅលើអង់គ្លេសអំពីបញ្ហាក្រុមហ៊ុន Huawei នោះឡើយ ។ ក្នុងអំឡុងពេលលោកកាន់តំណែងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ស្ថាប័នស៊ើបការណ៍សម្ងាត់និងការពារសន្តិសុខបានធានាជាច្រើនលើកថា "មិនដែលរកឃើញភ័ស្តុតាងណាដែលអាចបញ្ជាក់ថា រដ្ឋាភិបាលចិនបានធ្វើសកម្មភាពតាមបណ្តាញអ៊ីនធើណេតក្នុងចេតនាអាក្រក់ណាមួយតាមរយៈក្រុមហ៊ុន Huawei "។

ពាក្យសំដីរបស់លោក Vince Cable បានបញ្ជាក់ម្តងទៀតថា មូលហេតុអំពីអ្វីដែលហៅថា សន្តិសុខជាតិនិងហានិភ័យផ្នែកបច្ចេកវិទ្យាប្រព័ន្ធ 5G គ្រាន់តែជាលេសរបស់អាមេរិកសម្រាប់ដាក់សម្ពាធទៅលើសហគ្រាសបច្ចេកវិទ្យាខ្ពស់របស់ចិនប៉ុណ្ណោះ ។ "ផែនការបោសសម្អាតបណ្តាញអ៊ីនធើណេត"ដែលសហរដ្ឋអាមេរិកបានដាក់ចេញនោះ គឺជាតំណាងនៃ"ការទូតបែបគំរាមកំហែង"សុទ្ធសាធ ។

រដ្ឋាភិបាលអាមេរិកអាណត្តិមុនបានឃោសនាបំប៉ោងពី"ផែនការបោសសម្អាតបណ្តាញអ៊ីនធើណេត"ដោយយកអ្វីដែលហៅថា "សន្តិសុខជាតិ"និង"សនិ្តសុខទិន្នន័យ"ធ្វើជាលេស ហើយប៉ុនប៉ងលុបបំបាត់ចោលផលិតផលនិងសេវាកម្មរបស់ចិនពី ៥ វិស័យ ពោលគឺ ប្រតិបតិ្តករទូរគមនាគមន៍ ហាងលក់កម្មវិធី App កម្មវិធី App ប្រព័ន្ធសេវាកម្មតាមអនឡាញនិងខ្សែកាបបណ្តាញអ៊ីនធើណេត ។ និយាយត្រង់ទៅ ប្រតិបតិ្តការដ៏មមាញឹកមួយចំនួនរបស់សហរដ្ឋអាមេរិកគ្រាន់តែធ្វើឡើងដើម្បីគាំពារអនុត្តរភាពផ្នែកបច្ចេកវិទ្យារបស់ខ្លួនប៉ុណ្ណោះ ។

គួររំលឹកថា នៅឆ្នាំ ២០២០ លោកត្រាំ ប្រធានាធិបតីអាមេរិកកាលនោះបានចុះហត្ថលេខាលើបទបញ្ជារដ្ឋបាលដោយតម្រូវឱ្យក្រុមហ៊ុន Byte Dance ដកចេញនូវទ្រព្យសម្បត្តិទាំងអស់ដែលអាចនាំឱ្យកម្មវិធី TikTok ធ្វើអាជីវកម្មនៅសហរដ្ឋអាមេរិកក្នុងរយៈពេល ៩០ ថ្ងៃ ហើយចាត់ទុកកម្មវិធី Musical.ly ដែលជាកម្មវិធីវីដេអូឃ្លីបរបស់អាមេរិកដែលត្រូវក្រុមហ៊ុន Byte Dance ទិញកាលពីឆ្នាំ ២០១៧ ថា "ជាការបំផ្លិចបំផ្លាញសន្តិសុខជាតិ" ។

បន្ទាប់ពីបានដាក់ចេញវិធានការដាក់ទណ្ឌកម្មទៅលើកម្មវិធី TikTok របស់ក្រុមហ៊ុន Byte Dance រដ្ឋាភិបាលអាមេរិកក៏បានកាន់ដំបងធំទៅកាន់កម្មវិធី WeChat របស់ក្រុមហ៊ុន Tencent ផងដែរ ។ មិនថា ការប្រកាសបិទឬក៏ហាមមិនឱ្យប្រើប្រាស់កម្មវិធី TikTok និងកម្មវិធី WeChat ក៏ដោយ ក៏សកម្មភាពរបស់រដ្ឋាភិបាលអាមេរិកដែលសំដៅចំពោះសហគ្រាសចិនសុទ្ធតែមានទំនាក់ទំនងជាមួយនឹងអ្វីដែលហៅថា "ផែនការបោសសម្អាតបណ្តាញអ៊ីនធើណេត"របស់ខ្លួន ។តាមពិតទៅ គោលដៅចុងក្រោយរបស់អាមេរិកគឺ ដើម្បីគាំពារឋានៈផ្តាច់មុខក្នុងរយៈពេលយូរលើវិស័យបច្ចេកវិទ្យាខ្ពស់របស់ខ្លួននិងបានដកហូតសិទ្ធិអភិវឌ្ឍន៍ស្របច្បាប់របស់ប្រទេសដទៃទៀត ។

ក្រៅពីនេះ រដ្ឋាភិបាលអាមេរិកក៏បានព្យាយាមដាក់សម្ពាធការទូតទៅលើប្រទេសនិងក្រុមហ៊ុនពហុជាតិដទៃទៀតនិងឆ្លងតាមរយៈការដាស់តឿននិង"ការអំពាវនាវឱ្យប្រទេសនិងក្រុមហ៊ុនដែលស្រឡាញ់សេរីភាពទាំងអស់ចូលរួមផែនការបោសសម្អាតបណ្តាញអ៊ីនធើណេត"ដើម្បីកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ចិន"ដែលមិនអាចជឿទុកចិត្តបាន" ក្នុងនោះបូករួមទាំង ក្រុមហ៊ុន Huawei Alibaba Tencent ជាដើម ។

បើរំលឹកឡើងវិញពីប្រវត្តិសាស្ត្រអាចឃើញថា "ការទូតបែបគំរាមកំហែង"គឺជាប៉ាតង់របស់សហរដ្ឋអាមេរិក ។ គន្លឹះនៃគំនិតនេះ គឺ ពឹងផ្អែកទៅលើការបង្កការគំរាមកំហែងដោយកម្លាំងបាយ ដាក់ឱ្យឯកោផ្នែកនយោបាយ ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចនិងបំបិទផ្លូវផ្នែកបច្ចេកវិទ្យាជាដើមដើម្បីបង្ខំឱ្យប្រទេសដទៃអនុវត្តតាមតម្រូវការរបស់អាមេរិក ក្នុងន័យសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់អាមេរិកនិងគាំពារអនុត្តរភាពបែបអាមេរិក ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សហរដ្ឋអាមេរិកបានផ្តល់សំណុំរឿងដ៏ល្បីឈ្មោះស្តីពី"ការទូតបែបគំរាមកំហែង"ដល់ពិភពលោកតាមរយៈប្រតិបត្តិការពីមួយលើកទៅមួយលើក ។

ឧទាហរណ៍ដូចជា លោក Frédéric Pierucci អគ្គនាយករងនៃក្រុមហ៊ុន ALSTOM នៃប្រទេសបារាំងត្រូវបានទីភ្នាក់ងារស៊ើបការណ៍សហព័ន្ធអាមេរិក(FBI)ចាប់ខ្លួនក្នុងពេលប្តូរជើងយន្តហោះនៅក្រុងញូវយ៉កនៃអាមេរិកកាលពីខែមេសា ឆ្នាំ ២០១៣ ដែលបានក្លាយជា"ចំណាប់ខ្មាំងសេដ្ឋកិច្ច"របស់អាមេរិកក្នុងការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ALSTOM ។ ទីបំផុត ក្រុមហ៊ុន ALSTOM ដែលជាគជ់ផ្នែកឧស្សាហកម្មរបស់បារាំងត្រូវរលាយសាបសូន្យក្រោមការដាក់ទណ្ឌកម្មពីអាមេរិក ។ ពីក្រុមហ៊ន Toshiba Alstom ដល់ក្រុមហ៊ុន Huawei រហូតដល់ក្រុមហ៊ុន Samsung និង TSMC អ្នករងគ្រោះពី"ការទូតបែបគំរាមកំហែង"របស់អាមេរិក គឺ ពាសពេញទូទាំងពិភពលោក ។

គួររំលឹកថា ចាប់ពីយុទ្ធសាស្ត្រស្តពី"ការត្រឡប់ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វីកវិញ"របស់រដ្ឋាភិបាលលោកអូបាម៉ាដល់រដ្ឋាភិបាលដូណាល់ត្រាំដែលបានចាត់ទុកប្រទេសចិនជា"គូប្រជែងយុទ្ធសាស្ត្រ"រហូតដល់រដ្ឋាភិបាលលោកចូ បៃដិនដែលបានអនុវត្តគោលនយោបាយចំពោះប្រទេសចិនស្តីពី"ការប្រកួតប្រជែង សហការនិងបដិបក្ខគ្នា" អ្នកផងទាំងពួងសុទ្ធតែដឹងច្បាស់ពីគោលបំណងជាយុទ្ធសាស្ត្ររបស់អាមេរិក ពោលគឺ ចង់ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ។ដូច្នេះហើយ បានជាប្រទេសចិនដែលត្រូវសហរដ្ឋអាមេរិកចាត់ទុកថាជា"គូប្រជែងយុទ្ធសាស្ត្រដ៏កំបាំង"បានក្លាយជាគោលដៅចុងក្រោយនៃ"ការទូតបែបគំរាមកំហែង"របស់អាមេរិក ។

ដោយឡែក អង្គការអន្តរជាតិមួយចំនួនក៏ត្រូវរងការគំរាមកំហែងពីអាមេរិកផងដែរ ។ ដោយសារតែរងការរារាំងជាបន្តបន្ទាប់ពីអាមេរិក បានជាស្ថាប័នបណ្តឹងឧទ្ធរណ៍របស់អង្គការពាណិជ្ជកម្មពិភពលោកបានធ្លាក់ក្នុងភាពជាប់គាំងកាលពីខែធ្នូ ឆ្នាំ ២០១៩ ដោយសារចំនួនចៅក្រមមិនគ្រប់គ្រាន់ដែលបានបង្កការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។ សូម្បីតែសម្ព័ន្ធមិត្តរបស់អាមេរិក ទោះបីជាបានឃើញពាក្យស្លោកដែលថា "អាមេរិកបានត្រឡប់មកវិញហើយ"ក៏ដោយ ក៏អ្វីដែលពួកគេទទួលបាន គឺមិនមែនសមភាពនោះទេ តែគឺជាការគំរាមកំហែងនិងការរារាំងគ្រប់បែបយ៉ាង ។

សូមយកគម្រោង Nord-Stream 2 ដែលរួមគ្នាសាងសង់ដោយសហគ្រាសមកពីប្រទេសអឺរ៉ុប ដូចជា រុស្ស៊ីនិងអាល្លឺម៉ង់ជាដើមធ្វើជាឧទាហរណ៍ សហរដ្ឋអាមេរិកបានអះអាងថា នឹងដាក់ទណ្ឌកម្មលើភាគីនានាដែលចូលរួមការសាងសង់គម្រោងនេះ ដូច្នេះ អាល្លឺម៉ង់ក៏មិនត្រូវបានលើកលែងដែរ ។ តាមពិតទៅ គោលបំណងរបស់អាមេរិក គឺ ដើម្បីពង្រីកការនាំចេញឧស្ម័នធម្មជាតិទៅកាន់អឺរ៉ុប ។

តាមការទម្លាយនៃកាសែត《Politiken》របស់ដាណឺម៉ាកឱ្យដឹងថា ស្ថានទូតអាមេរិកប្រចាំនៅដាណឺម៉ាកធ្លាប់ទាមទារឱ្យកាសែតនេះបញ្ជាក់ថា តើខ្លួនបានប្រើប្រាស់គ្រឿងបរិក្ខារអេឡិចត្រូនិករបស់សហគ្រាសបច្ចេកវិទ្យាពាក់ព័ន្ធរបស់ប្រទេសចិនដែរឬអត់ ហើយបានគំរាមកំហែងថា "ប្រសិនបើបដិសេធមិនផ្តល់ព័ត៌មានពាក់ព័ន្ធឬប្រើប្រាស់គ្រឿងបរិក្ខាររបស់សហគ្រាសទាំងនេះ" នោះ ស្ថានទូតអាមេរិកប្រហែលនឹងបញ្ចប់ការជាវទិញកាសែតនេះ ។ តាមការផ្សាយដំណឹងឱ្យដឹងទៀតថា ស្ថានទូតអាមេរិកក៏បានលើកឡើងនូវការទាមទារស្រដៀងគ្នាទៅកាន់ស្ថាប័នពាក់ព័ន្ធផ្សេងទៀតរបស់ប្រទេសដាណឺម៉ាកដោយបានអះអាងថា នេះគឺជា"ប្រតិបត្តិការឯកភាពរបស់អាមេរិកក្នុងក្របខណ្ឌទូទាំងពិភពលោក" ។

យ៉ាងណាមិញ ប្រឈមមុខនឹងការទាមទារគ្មានហេតុផលនេះរបស់សហរដ្ឋអាមេរិក កាសែត《Politiken》របស់ដាណឺម៉ាកបានបដិសេធយ៉ាងដាច់ម៉ាត់ ។

កាលពីឆ្នាំ ២០០៣ បញ្ញវន្តមួយចំនួន ដូចជា លោក Robert J.Art សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Brandeis អាមេរិកជាដើមបានសិក្សាស្រាវជ្រាវអំពីសំណុំរឿងពាក់ព័ន្ធនឹង"ការទូតបែបគំរាមកំហែង"ក្នុងរយៈពេល ១២ ឆ្នាំចាប់ពីបញ្ចប់សង្គ្រាមត្រជាក់ដល់ឆ្នាំ ២០០៣ ហើយបានសរសេរសៀវភៅក្រោមចំណងជើងថា《The United States and Coercive Diplomacy 》។

លោក Robert J.Art បានលើកឡើងក្នុងសៀវភៅនេះថា "ការទូតបែបគំរាមកំហែង"បានក្លាយជាឧបករណ៍នយោបាយដែលអ្នកសម្រេចគោលនយោបាយរបស់អាមេរិកងប់ងល់ប្រើប្រាស់ពីមួយថៃ្ងទៅមួយថៃ្ង ប៉ុន្តែពីការធ្វើអន្តរគមន៍នៅប្រទេសសូម៉ាលីនិងតំបន់កូសូវូរហូតដល់គោលនយោបាយចំពោះកូរ៉េខាងជើងសុទ្ធតែបានបង្ហាញថា គោលនយោបាយបែបនេះ គឺ "បរាជ័យច្រើនជាងជោគជ័យ" ។ បើមើលពីចក្ខុវិស័យវែងឆ្ងាយអាចឃើញថា ការប្រើប្រាស់"ឧបករណ៍នយោបាយដែលមានហានិភ័យខ្ពស់"នេះនឹងបង់តម្លៃច្រើនជាងការទទួលបានយ៉ាងខ្លាំង ។ "វៀរតែអ្នកត្រៀមបំផុសសង្រ្គាមពេលទទួលបរាជ័យ បើពុំនោះសោត សូមកុំប្រើ'ការទូតបែបគំរាមកំហែង'។

នេះមិនមែនជារឿងចៃដន្យនោះទេ លោក Arnold Kanter អតីតអនុរដ្ឋមន្ត្រីក្រួសងការបរទេសអាមេរិកក៏ធ្លាប់លើកឡើងដែរថា "ការទូតបែបគំរាមកំហែង"ហាក់ដូចជាអាចសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រសំខាន់ៗដោយបង់តម្លៃយ៉ាងតិចតួច ប៉ុន្តែតាមពិតទៅ គឺ មិនសូវមានឧទាហរណ៍អាចបញ្ជាក់ថា វាមានប្រសិទ្ធភាពពិតប្រាកដនោះទេ ។

ដូចការបូកសរុបនៃអត្ថបទមួយដែលបានបង្ហោះនៅលើវេបសាយ"Realclear Defense"របស់អាមេរិកថា បើរំលឹកឡើងវិញពីប្រវត្តិសាស្ត្រអាចឃើញថា សហរដ្ឋអាមេរិកបានប្រើប្រាស់"ការទូតបែបគំរាមកំហែង"ជាយុទ្ធសាស្រ្តការទូតជាប់រហូតដើម្បីជះឥទ្ធិពលដល់ទង្វើរបស់គូប្រជែង ប៉ុន្តែ "ការទូតបែបគំរាមកំហែង"មិនអាចធានាឱ្យទទួលជោគជ័យបានទេ ផ្ទុយទៅវិញ បែរជាមានហានិភ័យដែលបណ្តាលឱ្យស្ថានការណ៍ឡើងកម្តៅ វាក៏"ដូចការឈ្លានពានអ៊ីរ៉ាក់កាលពីឆ្នាំ ២០០៣ អ៊ីច្ចឹង "។

តាមពិតទៅ អ្នកនយោបាយអាមេរិកដែលងប់ងល់នឹង"ការទូតបែបគំរាមកំហែង"បាននិងកំពុងអូសទាញអាមេរិកឱ្យដើរតាមផ្លូវ"ធ្វើអនុត្តរភាព មុខជានឹងថមថយចុះជាក់ជាមិនខាន" ៕

Share this story on

Messenger Pinterest LinkedIn