ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ទូទាំងប្រទេសចិនឈានចូលរដូវទឹកឡើង ទន្លេ 148 ខ្សែបានជន់លិច

2020-06-11 18:32:42

ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទកាសែត ដើម្បីបញ្ជាក់ពីសភាពការណ៍បង្ការទឹកជំនន់និងភាពរាំងស្ងួតក្នុងប្រទេសចិន ។

គិតមកទល់បច្ចុប្បន្ននេះ ទូទាំងប្រទេសចិនបានឈានចូលរដូវទឹកឡើង ទន្លេចំនួន 148 ខ្សែសុទ្ធតែមានកម្ពស់ទឹកលើសពីកម្រិតប្រកាសអាសន្ន តំបន់មួយចំនួនបានរងគ្រោះទឹកជំនន់យ៉ាងខ្លាំង។ ពិសេសពេលកន្លងនេះ តំបន់ភាគខាងត្បូងរបស់ចិនសម្បូរភ្លៀងធ្លាក់បានបណ្តាលឱ្យជន់លិចយ៉ាងខ្លាំង ក្រសួងធនធានទឹកចិនបានចាត់បញ្ជូនក្រុមការងារចំនួន ៦ ទៅដល់កន្លែងរងគ្រោះខ្លាំងដើម្បីណែនាំពីការងារបង្ការគ្រោះធម្មជាតិ។

មជ្ឈិមបក្សកុម្មុយនិស្តចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានយកចិត្តទុកដាក់ខ្ពស់នឹងការងារសង្គ្រោះនិងបង្ការទឹកជំនន់និងគ្រោះរាំងស្ងួត។ ក្នុង«របាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំ2020» ក៏បានបញ្ជាក់ថា ត្រូវបន្តលើកកម្ពស់សមត្ថកិច្ចបង្ការនិងកាត់បន្ថយគ្រោះធម្មជាតិ។ ឆ្នាំនេះ ក្រសួងធនធានទឹកចិននឹងផ្តោតសំខាន់លើការបង្ការគ្រោះធម្មជាតិធំៗ ចំនួន ៣ ពោលគឺ ទឹកជំនន់ខ្លាំង ឧប្បត្តិហេតុបាក់ទំនប់ទឹក និងគ្រោះរអិលបាក់ដីភ្នំ។ សម្រាប់ការងារជំហានបន្ត នឹងខិតខំសម្របសម្រួលឱ្យបានល្អនូវការបង្ការជំងឺកូវីដ-19 ការបង្ការទឹកជំនន់ និងគ្រោះរាំងស្ងួត ដើម្បីគាំទ្ររដ្ឋបាលគ្រប់ទីកន្លែងកាត់បន្ថយផលប៉ះពាល់ពីគ្រោះធម្មជាតិ បង្ការគ្រោះធម្មជាតិ ខិតខំពេញទំហឹងដើម្បីធានាសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិ សុវត្ថិភាពទឹកស្អាត និងសុវត្ថិភាពស្បៀងអាហាររបស់ប្រជាពលរដ្ឋ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ