ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក វ៉ាងយី ជួបពិភាក្សាការងារជាមួយលោក Josep Borrell តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការទូតនិងសន្តិសុខ

2019-12-16 16:30:46

កាលពីថ្ងៃទី ១៥ ខែធ្នូ តាមម៉ោងនៅក្នុងតំបន់ លោក វ៉ាងយី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Josep Borrell តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការទូតនិងសន្តិសុខអំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងការបរទេសរវាងតំបន់អាស៊ីនិងអឺរ៉ុបនៅក្រុងម៉ាឌ្រីដ។

ថែ្លងក្នុងកិច្ចជំនួប លោក វ៉ាងយី បានលើកឡើងថា ប្រទេសចិននិងសហភាពអឺរ៉ុប គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ជាកម្លាំងដ៏សំខាន់ៗនៅក្នុងដំណើរការនៃពហុភាគីនិយម ហើយទទួលខុសត្រូវយ៉ាងសំខាន់សម្រាប់សន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក។ប្រឈមមុខនឹងស្ថានភាពអន្តរជាតិដែលប្រកបដោយភាពស្មុគស្មាញនិងការផ្លាស់ប្តូរ ប្រទេសចិននិងសហភាពអឺរ៉ុបគួរតែពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រដើម្បីផ្តល់នូវថាមពលវិជ្ជមានកាន់តែច្រើនដល់ពិភពលោក។

លោក វ៉ាងយី បានសង្កត់ធ្ងន់ថា ប្រទេសចិននិងសហភាពអឺរ៉ុប គឺជាដៃគូ មិនមែនជាគូប្រកួតប្រជែងទេ។ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយសហភាពអឺរ៉ុប។ឆ្នាំក្រោយ គឺជាខួបគម្រប់ ៤៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងសហភាពអឺរ៉ុប។ប្រទេសចិនមានឆន្ទៈរួមសហការជាមួយសហភាពអឺរ៉ុបដើម្បីរៀបចំឱ្យបានល្អនូវផែនការនៃការផ្លាស់ប្តូរកម្រិតខ្ពស់និងរបៀបវារៈការទូតដ៏សំខាន់មួយចំនួននៅឆ្នាំក្រោយដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអឺរ៉ុបឱ្យឈានដល់កម្រិតថ្មីមួយ។

ជាការឆ្លើយតប លោក Josep Borrell បានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពអន្តរជាតិនាពេលបច្ចុប្បន្ននេះ សហភាពអឺរ៉ុបរំពឹងថា នឹងរួមគ្នាបង្កើតគោលដៅប្រកបដោយមហិច្ឆតាជាមួយប្រទេសចិននិងអភិវឌ្ឍទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងកម្រិតទ្វេភាគីនិងអន្តរជាតិដែលសមស្របនឹងផលប្រយោជន៍រួមរបស់សហភាពអឺរ៉ុបនិងចិនព្រមទាំងពិភពលោក។ឆ្នាំក្រោយមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ទំនាក់ទំនងរវាងអឺរ៉ុបនិងចិន។សហភាពអឺរ៉ុបរីករាយរួមសហការជាមួយប្រទេសចិនដើម្បីរៀបចំឱ្យបានល្អនូវផែនការនៃការផ្លាស់ប្តូរកម្រិតខ្ពស់និងរបៀបវារៈការទូតដ៏សំខាន់មួយចំនួននៅឆ្នាំក្រោយ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ