ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួងការបរទេសចិនដាស់តឿនអាមេរិកបញ្ឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនបន្ទាន់

2019-12-05 15:13:01

លោក Qin Gang អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនបានកោះហៅអ្នកទទួលខុសត្រូវស្ថានទូតអាមេរិកប្រចាំនៅចិនមកជួបសន្ទនាកាលពីថ្ងៃទី ៤ ខែធ្នូ ។ លោកបានសម្តែងនូវការតវ៉ាយ៉ាងម៉ឺងម៉ាត់និងការប្រឆាំងយ៉ាងខ្លាំងចំពោះការអនុម័តរបស់អាមេរិកលើ “សេចក្តីព្រាងច្បាប់ស្តីពីគោលនយោបាយសិទ្ធិមនុស្សជនជាតិ Uygur ឆ្នាំ២០១៩” ហើយលោកបានដាស់តឿនដល់អាមេរិកឱ្យកែកំហុសរបស់ខ្លួនជាបន្ទាន់ និងបញ្ឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនតាមរយៈបញ្ហាពាក់ព័ន្ធនឹងភូមិភាគស្វយ័តXinjiang ។

លោក Qin Gang បានបង្ហាញថា Xinjiang ជាផ្នែកមួយរបស់ប្រទេសចិន។ កិច្ចការនៃ Xinjiang ជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ហើយចិនមិនអនុញ្ញាតឱ្យប្រទេសណាមួយចូលជ្រៀតជ្រែកដាច់ខាត។ សេចក្តីព្រាងច្បាប់ដែលត្រូវបានរដ្ឋសភាអាមេរិកអនុម័ត បានមួលបង្កាច់វិធានការដ៏ស្រប់ច្បាប់របស់ចិនក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មនិងលុបបំបាត់ភាពជ្រុលនិយមនៅក្នុងXinjiang ទៅជាការរំលោភបំពានសិទ្ធិមនុស្សទៅវិញ។ នេះ គឺជាការប្រើប្រាស់ស្តង់ដារពីរក្នុងបញ្ហាប្រឆាំងភេរវកម្ម បានល្មើសយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ បានជ្រៀតជ្រែកយ៉ាងខ្លាំងដល់កិច្ចការផ្ទៃក្នុងចិន ជាទង្វើខុសឆ្គងទាំងស្រុង។ ភាគីចិនមានការខឹងសម្បាយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះការនេះ។

លោក Qin Gang បានសង្កត់ធ្ងន់ថា ការប៉ុនប៉ងទាំងឡាយណាដែលចង់រារាំងការអភិវឌ្ឍនៃប្រទេសចិននិងបង្កហេតុក្នុងវិស័យទំនាក់ទំនងរវាងជនជាតិនៃប្រទេសចិន មុខជានឹងបរាជ័យ។ ភាគីចិននឹងធ្វើសកម្មភាពជាបន្តបន្ទាប់ដោយផ្អែកលើការវិវឌ្ឍនៃស្ថានភាព៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ