ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ថ្នាក់ដឹកនាំអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជួបសន្ទនាដោយឡែកពីគ្នាជាមួយប្រធានទីភ្នាក់ងារសារព័ត៌មានReutersនិងអនុប្រធានទីភ្នាក់ងារសារព័ត៌មានAP

2019-09-11 15:48:07

កាលពីថ្ងៃទី ១០ ខែកញ្ញា លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) បានជួបសន្ទនាដោយឡែកពីគ្នាជាមួយលោក Michael Fridenberg ប្រធានទីភ្នាក់ងារសារព័ត៌មាន Reuters និងលោកអនុប្រធានទីភ្នាក់ងារសារព័ត៌មាន the Associated Press(AP) ដែលអញ្ជើញមកទីក្រុងប៉េកាំងដើម្បីចូលរួមវេទិកាកំពូលស្តីពីសហគមន៍កិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកទូរទស្សន៍ផ្លូវសូត្រឆ្នាំ ២០១៩។

ពេលជួបជាមួយលោក Fridenberg លោក Shen Haixiong បានថ្លែងថា គោលការណ៍មូលដ្ឋានក្នុងការផ្សាយព័ត៌មាននៃវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) គឺ ការពិត សត្យានុម័ត និងយុត្តិធម៌។ អគ្គស្ថានីយCMG មានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកព័ត៌មានហិរញ្ញវត្ថុ និងការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ធំៗនិងសំខាន់ៗ ដើម្បីផ្សព្វផ្សាយនូវព័ត៌មាននៅជុំវិញពិភពលោកដោយសំឡេងយុត្តិធម៌និងមានសិទ្ធិអំណាច។

ជាការឆ្លើយតប លោក Fridenberg បានថ្លែងថា ទីភ្នាក់ងារសារព័ត៌មាន Reuters ទន្ទឹងរង់ចាំធ្វើកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយអគ្គស្ថានីយCMG លើការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សេវាហិរញ្ញវត្ថុជាដើម។

ដោយឡែកក្នុងជំនួបជាមួយលោកអនុប្រធានទីភ្នាក់ងារសារព័ត៌មាន AP លោក Shen Haixiong បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG)និងទីភ្នាក់ងារសារព័ត៌មាន AP បានធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពយ៉ាងខ្លាំងដូចជាការបង្កើតការិយាល័យនៅក្រៅប្រទេស ការផ្សព្វផ្សាយព័ត៌មានអន្តរជាតិជាពហុភាសា ការកសាងបណ្តាញផ្សព្វផ្សាយអន្តរជាតិជាដើម។ សម្រាប់ជំហានបន្ទាប់ CMG នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរជាមួយទីភ្នាក់ងារសារព័ត៌មាន AP ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ជាការឆ្លើយតប អនុប្រធានទីភ្នាក់ងារសារព័ត៌មាន AP បានថ្លែងថា APចាត់ទុកអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ជាដៃគូនិងមិត្តភក្តិ។ ទីភ្នាក់ងារសារព័ត៌មាន AP នឹងគាំទ្រអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ក្នុងការបញ្ចេញសំឡេងសត្យានុម័តនិងយុត្តិធម៌លើឆាកសារព័ត៌មានអន្តរជាតិ៕




ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ