ពេលថ្មីៗកន្លងទៅនេះ ក្រសួងហិរញ្ញវត្ថុអាមេរិកដែលចោទប្រកាន់ប្រទេសចិនថាជាប្រទេសរៀបចំអត្រាប្តូរប្រាក់ ធ្វើឱ្យមានការសង្ស័យនិងប្រឆាំងពីមជ្ឈដ្ឋាននានានៃសហគមន៍អន្តរជាតិដែលរួមមានអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិជាដើម ។ កាលពីថ្ងៃទី១៣ខែសីហា អ្នកជំនាញការនិងបញ្ញវន្តចិនជាច្រើនរូបបានថ្លែងនៅក្រុងប៉េកាំងថា មិនថាមើលពីស្តង់ដារណាមួយ ប្រទេសចិនមិនមែនជាប្រទេសរៀបចំអត្រាប្តូរប្រាក់នោះទេ ។ អ្នកជំនាញការទាំងនោះបានស្នើថា ប្រទេសចិនគួរតែប្រើប្រាស់ភាពប្រាកដប្រជានៃកំណែទម្រង់និងបើកទូលាយរបស់ខ្លួនដើម្បីទប់ទល់នឹងភាពមិនប្រាកដប្រជាពីខាងក្រៅ ។
លោក Wei Benhua អតីតអនុប្រធាននៃនាយកដ្ឋានគ្រប់គ្រងរូបិយវត្ថុបរទេសជាតិចិនបានថ្លែងថា តាមការពិត អត្រាប្តូរប្រាក់យាន់ចិនមិនបានផ្លាស់ប្តូរច្រើននោះទេ ពោលគឺច្រើនជាង១ភាគរយប៉ុណ្ណោះ ។ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកចោទប្រកាន់ប្រទេសចិនថាបានរៀបចំអត្រាប្តូរប្រាក់គឺគ្មានហេតុផលអ្វីទាល់តែសោះ ។
លោកស្រី Zhang Xuechun អនុប្រធាននៃនាយកដ្ឋានស្រាវជ្រាវនៃធនាគារប្រជាជនចិនបានថ្លែងថា កំណើនរបស់ចិនសំខាន់គឺពឹងផ្អែកទៅលើតម្រូវការក្នុងស្រុក ហើយកម្រិតពឹងផ្អែកចំពោះការនាំចេញនាំចូលគឺទាបជាងប៉ុន្មានឆ្នាំកន្លងទៅនេះ ។ ពីព្រោះពួកយើងមានសក្តានុពលអភិវឌ្ឍន៍ធំណាស់ បើសិនជាចង់បញ្ចេញសក្តានុពលទាំងនេះ ក៏ត្រូវពឹងផ្អែកទៅលើកំណែទម្រង់នៃរចនាសម្ព័ន្ធ ។